សកម្មភាពដែលអ្នកមានគ្រប់គ្នាធ្វើមាន ៥យ៉ាងហើយអ្នកមានតែងធ្វើ ផ្ទុយស្រលះពីអ្នកក្រ

សកម្មភាព ៥យ៉ាងដែលអ្នកមានតែងធ្វើ ផ្ទុយស្រលះពីអ្នកក្រ
បើតាមការស្រាវជ្រាវ ទ្រព្យសម្បត្តិពិភពលោកប្រមាណ ៤៨ភាគរយ គឺត្រូវបានគ្រប់គ្រងដោយក្រុមអ្នកមានដែលស្មើនឹង១ភាគរយនៃចំនួនមនុស្សសរុបប៉ុណ្ណោះ។
តួលេខនេះបញ្ជាក់ឲ្យឃើញថា មានទ្រព្យសម្បត្តិដ៏ច្រើនលើសលប់ បានធ្លាក់ទៅលើដៃលើមនុស្សមួយចំនួនតូចប៉ុណ្ណោះគ្រប់គ្រង ខណៈមនុស្សជាច្រើនទៀត រស់នៅក្នុងជីវភាពក្រីក្រ និង មធ្យម។
ដូច្នេះហើយ មានគេឆ្ងល់ថា ហេតុអ្វីបានជា មនុស្សទាំងនោះជោគជ័យខ្លាំងម៉្លេះ?

ខាងក្រោមនេះ គឺជាចំណុចមួយចំនួនដែលពួកសេដ្ឋីៗគិតខុសពីអ្នកក្រ ឬ មនុស្សធម្មតាជាហេតុធ្វើឲ្យបុគ្គលទាំងនេះក្លាយជាអ្នកមានកំពូលៗ៖

១) អ្នកមានជឿលើច្បាប់នៃប្រាក់ចំណូល
ក្នុងចិត្តរបស់សេដ្ឋីយល់ឃើញថា កាលណាគេបញ្ជូនអ្វីមួយពិសេសទៅកាន់ទីផ្សារ បុគ្គលទាំងនេះនឹងទទួលបានប្រយោជន៍ជាច្រើនពីផលិតផល ឬ សេវាកម្មទាំងនោះមកវិញ។ និយាយបែបសាមញ្ញ កាលណាគេអាចផលិតអ្វីដែលពិសេស ហើយមនុស្សភាគច្រើនត្រូវការមិនអាចខ្វះបាននោះ ភាពជោគជ័យនឹងកើតឡើងជៀសមិនផុតឡើយទៅតាមភាពជាក់ស្តែង ដូច្នេះហើយ ក្រុមអ្នកមានត្រូវតែព្យាយាមរកអ្វីដែលថ្មី ដែលមនុស្សពិតជាត្រូវការមិនអាចខ្វះបាន។ ដោយឡែកចំពោះអ្នកក្រភាគច្រើន មិនសូវមានគំនិតខិតខំធ្វើអ្វីដែលពិសេសលើសគេនោះទេ ពោលគឺចូលចិត្តអ្វីដែលប្រហាក់ប្រហែលគេដែរ ដូច្នេះហើយបានជាគ្មានឱកាសណាដើម្បីទទួលបានជោគជ័យជាដុំកំភួន។

២) អ្នកមានផ្ដោតសំខាន់ទៅលើឱកាស មិនមែនឧបសគ្គទេ
ចំពោះបុគ្គលជោគជ័យ មិនខ្វល់នឹងឧបសគ្គខ្លាំងពេកនោះទេ ពោលគឺឲ្យតែមានឱកាសល្អ នឹងចាប់យកភ្លាម ព្រោះទីណាក៏មានឧបសគ្គដែរ តែសំខាន់គឺឱកាស។ ដោយសារតែ បែបនេះហើយបានជាបុគ្គលទាំងនេះជោគជ័យក្នុងជីវិតជាបន្តបន្ទាប់។ ចំណែកអ្នកក្រវិញ ទោះបីជាឃើញឱកាសល្អមកដល់ក៏ដោយ តែបែរជាខ្លាចនេះខ្លាចនោះ រហូតរបូតឱកាសល្អបាត់ចេញពីដៃ។ ការខ្វល់អំពីឧបសគ្គមិនមែនជារឿងខុសនោះទេ តែបើគិតច្រើនហើយមិនចេញសកម្មភាពអ្វីសោះនោះ វាធ្វើឲ្យអ្នកខ្លាចរអាមិនហ៊ានធ្វើអ្វីទាល់តែសោះ រហូតដល់សុញគំនិត។

៣) អ្នកមានតែងគិតបែបវិជ្ជមាន
ជាធម្មតាការរស់នៅតែងប្រឈមមុខនឹងបញ្ហាជាច្រើន ដែលទាមទារឲ្យមនុស្សម្នាក់ៗត្រូវខិតខំជំនះឲ្យអស់ពីលទ្ធភាព។ អ្វីដែលសំខាន់នោះ គឺត្រូវគិតវិជ្ជមានជានិច្ច ពោលគឺអ្វីៗសុទ្ធតែអាចទៅរួចឲ្យតែព្យាយាម។ ការគិតបែបវិជ្ជមាន ជួយឲ្យមនុស្សមានទឹកចិត្តក្នុងការបន្តការងារ ទោះបីជាជួបបញ្ហាច្រើនយ៉ាងណាក្តី ប៉ុន្តែបើកាលណាអ្នកគិតអវិជ្ជមានហើយ នោះវាមានន័យស្មើនឹងបរាជ័យ។ ចំពោះអ្នកមាន តែងគិតវិជ្ជមានជានិច្ច ដូច្នេះហើយពួកគេតែងសម្រេចអ្វីដែលចង់បាន។

៤) អ្នកមានព្យាយាមលើកកម្ពស់តម្លៃរបស់ខ្លួន
អ្នកមានទ្រព្យសម្បត្តិច្រើន គឺជាទូទៅព្យាយាមប្រាប់ទៅកាន់អ្នកដទៃអំពីលក្ខណៈពិសេសរបស់ខ្លួន។ នេះគឺជាចំណុចដ៏សំខាន់មួយ ព្រោះថា ការព្យាយាមបង្ហាញអ្នកដទៃអំពីលក្ខណៈពិសេសរបស់ខ្លួននេះ គឺជាឱកាសដើម្បីបញ្ជាក់ថា អ្នកពិតមានសមត្ថភាពក្នុងការធ្វើអ្វីមួយពិតប្រាកដ ដែលនាំឲ្យមនុស្សជុំវិញខ្លួនឃើញច្បាស់ និង ចាប់ផ្តើមមានទំនុកចិត្ត។ ចំពោះអ្នកដែលចូលចិត្តលាក់បាំងអំពីសមត្ថភាពរបស់ខ្លួនវិញ គឺមិនងាយនឹងធ្វើឲ្យអ្នកនៅជុំវិញខ្លួនមានជំនឿចិត្តឡើយ ហើយក៏មិនងាយរកផ្លូវជោគជ័យធំដុំឃើញដែរ។

៥) អ្នកមានប្ដេជ្ញាចិត្តដើម្បីក្លាយជាអ្នកមាន
បើទោះបីជា ស្ថិតក្នុងស្ថានភាពណាក៏ដោយ ប្រសិនបើអ្នកតែងខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើន មិនយូរមិនឆាប់ប្រាកដជាសម្រេច។ មានន័យថា គឺចង់ក្លាយជាអ្នកបង្កើតការងារឲ្យគេ ជាជាងរង់ចាំតែធ្វើការឲ្យគេ។ ដោយឡែកមនុស្សមួយចំនួនវិញ មិនសូវគិតខំធ្វើយ៉ាងណាក្លាយជាថៅកែនោះទេ ពោលគឺបានត្រឹមគិតខិតខំធ្វើការឲ្យគេប៉ុណ្ណោះ ដូច្នេះបានជាពួកគេបានត្រឹមតែមួយរស់ប៉ុណ្ណោះ ពោលគឺមិនអាចក្លាយជាអ្នកមានបាននឹងគេឡើយ៕