តើ​ភាព​អត់ធ្មត់​មិន​ព្រម​បោះបង់ ប្រាកដ​ថា​អាច​នាំ​អ្នក​ទៅ​ដល់​គោលដៅ​​​គ្រប់ពេល​​មែន​ឬ?

គ្រប់​មនុស្ស​ទាំងអស់ តែងតែ​មាន​ក្ដី​សុបិន​ដែល​ខ្លួន​ចង់​សម្រេច​ឲ្យ​បាន​នៅ​ក្នុង​មួយ​ឆាក​ជីវិត​រៀងៗ​ខ្លួន។ នៅ​ពេល​អ្នក​ចាប់ផ្ដើម​ដំណើរ​ជីវិត​ផ្សងព្រេង​មួយ​នេះ អ្នក​នឹង​ត្រូវ​ភ្លក់​នូវ​រសជាតិ​គ្រប់​សព្វ​បែប​យ៉ាង ដែល​មិន​ថា​ល្អ​ក៏​ដោយ​អាក្រក់​ក៏​ដោយ សុទ្ធតែ​បង្កប់​នូវ​គោលដៅ​ដែល​ចង់​បង្រៀន​អ្នក​ពី​មេរៀន​អ្វីមួយ ដែល​ទាមទារ​ឲ្យ​អ្នក​ព្យាយាម​ស្វែងរក​ថា​មេរៀន​ដ៏​មាន​តម្លៃ​នោះ​គឺ​ជា​អ្វី។ ការ​លំបាក​បំផុត​គឺជា​ចិត្ត​អំណត់​អត់ធ្មត់​ដែល​មិន​ព្រម​បោះបង់​ដោយ​ងាយៗ នៅ​ពេល​មាន​ឧបសគ្គ​កើតឡើង​មក ប៉ុន្តែ​អ្វី​ដែល​លំបាក​ជាង​នេះ​ទៅ​ទៀត​គឺជា​ភាព​ឆ្លាតវៃ​ក្នុង​ការ​ដឹង​ថា​គួរ​លះបង់​ឬ​ក្រាញ​បន្ត​ទៅ​ទៀត។​
វា​គឺជា​រឿង​ដ៏​ល្អ​បំផុត​ដែល​អ្នក​មាន​ចិត្ត​អត់ធ្មត់​ពិត​ប្រាកដ តស៊ូ​ប្រឈម​នឹង​ការ​លំបាក និង​មិន​ងាយ​បោះបង់​នូវ​គោលដៅ​របស់​ខ្លួន ប៉ុន្តែ​ពេល​ខ្លះ​ការ​តស៊ូ​ក្រាញ​ននៀល​មិន​អាច​នាំ​អ្នក​ទៅ​ដល់​គោលដៅ​របស់​អ្នក​បាន​នោះ​ឡើយ ហើយ​ការណ៍​ដែល​តស៊ូ​មិន​ព្រម​ឈប់​របៀប​នេះ​បន្ត​ទៀត គឺជា​ភាព​ល្ងង់ខ្លៅ​ទៅវិញ​នោះ​ទេ។ អ្នក​ត្រូវ​ចាំ​ថា ចង់​ទៅ​ដល់​គោលដៅ​មួយ អ្នក​មិនមែន​មាន​ផ្លូវ​ដើរ​តែ​មួយ​ច្រក​នោះ​ទេ ដែល​អាច​ឆ្ពោះ​ទៅ​កាន់​គោលដៅ​នោះ​បាន។ មាន​ពាក្យ​មួយ​បាន​ពោល​ថា បើ​ផែនការ​មិន​សម្រេច មិនមែន​ផ្លាស់ប្ដូរ​គោលដៅ​នោះ​ទេ តែ​ត្រូវ​ផ្លាស់ប្ដូរ​ផែនការ ពោល​គឺ​វិធីសាស្ត្រ​ដែល​អ្នក​ប្រើប្រាស់​ដើម្បី​ទៅ​ដល់​គោលដៅ​របស់​អ្នក។
Adam Grant ដែល​ជា​សាស្ត្រាចារ្យ​កំពូល​មួយ​រូប ជា​អ្នក​និពន្ធ​សៀវភៅ​លក់​ដាច់​បំផុត​មួយ​រូប និង​ជា​អ្នក​ប្រឹក្សា​យោបល់​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​កំពូល​ៗ​របស់​ពិភពលោក​ដូចជា Facebook និង Google ជាដើម បាន​ថ្លែង​សន្ទរកថា​បញ្ចប់​ការ​សិក្សា​របស់​សាកលវិទ្យាល័យ Utah State ដូច្នេះ​ថា៖​”កុំ​បោះបង់ គឺជា​ដំបូន្មាន​ដ៏​អាក្រក់​មួយ ព្រោះ​ថា​មាន​ពេល​ខ្លះ​ការ​បោះបង់​គឺជា​ភាព​ជា​បណ្ឌិត”។
វា​ជា​រឿង​គួរ​ផ្ដល់​តម្លៃ​សម្រាប់​មនុស្ស​មួយ​ចំនួន​ដែល​មាន​ភាព​អត់ធ្មត់​និង​ខិតខំ​ដើម្បី​ទទួល​បាន​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន ខណៈ​មនុស្ស​ខ្លះ​បាន​ត្រឹមតែ​ដេក​សុបិន​និង​ដេក​ប្រាថ្នា​ចាំ​សំណាង​ធ្លាក់​ពី​លើ​មេឃ។ ប៉ុន្តែ​មាន​ពេល​ខ្លះ ពួកគេ​នៅ​តែ​បន្ត​ត្បុរ​ទៅ​កន្លែង​ដដែល ដោយ​រំពឹង​ឲ្យ​លទ្ធផល​ផ្លាស់ប្ដូរ ហើយ​នៅ​ពេល​ពួកគេ​មិន​បាន​សម្រេច ពួកគេ​ក៏​បន្ទោស​ថា​នេះ​ជា​ព្រហ្មលិខិត​របស់​ពួកគេ​ហើយ។ ប៉ុន្តែ​ការ​ពិត​គឺ​មិន​ដូច​អ្វី​ដែល​ពួកគេ​គិត​នោះ​ទេ អ្វី​គ្រប់​យ៉ាង​គឺ​អាស្រ័យ​ទៅលើ​ជម្រើស​ដែល​ពួកគេ​ជ្រើសរើស​សម្លឹង​មើល​ចំពោះ​អ្វីៗ​ដែល​កើត​ឡើង​មក​លើ​ពួកគេ​ប៉ុណ្ណោះ។
សក្ដានុពល​របស់​មនុស្ស​ឥត​មាន​ដែន​កំណត់​នោះ​ឡើយ។ វិធីសាស្ត្រ​មាន​ច្រើន ផ្លូវ​ដើរ​ក៏​មិនមែន​មាន​តែ​មួយ​ច្រក​នោះ​ដែរ ដើម្បី​ទៅ​ដល់​គោលដៅ​ដូច​អ្វី​ដែល​អ្នក​ចង់​បាន។ បើ​អ្នក​គិត​អាក្រក់ៗ នោះ​អ្នក​នឹង​មើល​ឃើញ​តែ​បញ្ហា​គ្រប់​ច្រក​ទាំងអស់​ដែល​អ្នក​ចង់​ទៅ​ទាំងអស់ ប៉ុន្តែ​បើ​អ្នក​គិត​ល្អៗ នោះ​អ្នក​នឹង​មើល​ឃើញ​ឱកាស​ថ្មី​ដែល​អ្នក​អាច​សាកល្បង​ដើម្បី​ទៅ​ដល់​គោលដៅ​របស់​អ្នក៕​