ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ខេត្តព្រះសីហនុ​​

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ប្រវែងជាង១៩០គ.ម ក្រោមរូបភាពសាងសង់ធ្វើអាជីវកម្មផ្ទេរ BOT(ប៊ីអូធី) និងជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២២ មិនា ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ថ្ងៃនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាលើកដំបូងមួយដែលកម្ពុជាបានរៀបចំកសាងផ្លូវល្បឿនលឿននៅកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ផ្លូវមួយខ្សែល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុនាពេលនេះ ប្រសិនបើគ្មានការគាំទ្រពីប្រធានាធិបតីចិនទេនោះក៏មិនអាចសម្រេចបានដែរ។

សម្តេចតេជោបានបញ្ជាក់ថា ផ្លូវមួយខ្សែនេះមានតម្លៃរហូតដល់ប្រមាណ២ពាន់លានដុល្លាអាមេរិក ដែលមានតម្លៃថ្លៃ ប្រសិនបើយកថវិកានេះទៅសាងសងផ្លូវធម្មតាគឺអាចធ្វើបានរហូតដល់ប្រមាណ១ពាន់គីឡូឯណោះ៕