តើគួរធ្វើយ៉ាងណា ដើម្បីបង្កើនការទំនាក់ទំនងសង្គម នៅកន្លែងធ្វើការ?




ជាធម្មតាទេ បញ្ហានេះអ្នកណាក៏អាចជួបប្រទះដែរ មិនថាជាអ្នកជាមនុស្សដែលមានសមត្ថភាពខ្លាំងប៉ុណ្ណាទេ ប៉ុន្តែពេលខ្លះអ្នកអាចនឹងខ្វះខាតចំណុចមួយចំនួន ដូចឧទាហរណ៏ការទំនាក់ទំនងក្នុងសង្គមដែលយើងនឹងយកមកនិយាយ ក្នុងថ្ងៃនេះអញ្ជឹង។ ហើយជំនាញទំនាក់ទំំនងនេះហើយ ដែលអាចធ្វើអោយអ្នកអាចជួបបញ្ហាខ្លះ​ពេលត្រូវទាក់ទងជាមួយអ្នកដទៃទៀតនៅកន្លែងធ្វើការ ហើយបើសិនជាការងាររបស់អ្នកត្រូវនិយាយជាមួួយភ្ញៀវ និងអ្នករួមការងារជាញឹកញាប់ទៀតនោះ នេះជាពេលដែលអ្នកគួរ សិក្សាថាតើធ្វើយ៉ាងណាទើបអាចពង្រឹងជំនាញនោះសំរាប់ខ្លួនរបស់អ្នក។ ៥ ចំណុចខាងក្រោមនេះ​ នឹងអាចជួយអោយការទំនាក់ទំនងក្នុងសង្គមរបស់អ្នករីកចំរើនជាងមុន ហើយអ្នកអាចនឹងមានទំនុកចិត្តច្រើនលើខ្លួនឯង។
១. គួរនិយាយខ្លះៗ​ជាមួយអ្នកអង្គុយជិតខ្លួន

ចំណុចដំបូងនេះគឺជាចំណុចដែលសាមញ្ញបំផុត បើសិនជាចង់មានទំនាក់ទំនងល្អ អ្វីដែលចាប់ផ្តើមមុនគេនោះគឺមានការសន្ទនាទៅវិញទៅមក។ កុំនិយាយជាមួយគេ លុះត្រាតែមានការត្រូវនិយាយ ជួនកាល អាចនិយាយលេងពីរឿងផ្សេងៗ ដូចនេះហើយ ទើបទៅពេលមុខស្រួលក្នុងការទំនាក់ទំនងគ្នា ហើយបើគេធ្លាប់និយាយជាមួយយើងបែបនេះ គេក៏ចង់និយាយជាមួយយើងពេលក្រោយទៀតដែរ។

២. ពេលនិយាយគួរមើលភ្នែកគេអោយចំ

នេះក៏ជាអាកប្បកិរិយាមួយល្អក្នុងការពង្រឹងការទំនាក់ទំនងដែរ ដូចជាពេលសន្ទនាចឹង អ្នកគួរតែទុកទូរសព្ទចោលសិន ហើយព្យយាមស្តាប់ពេលគេនិយាយ។ នេះក៏បញ្ជាក់ថា អ្នកគោរពគេផងដែរ និយាយរួមគួរយកចិត្តទុកដាក់ពេលដែលនរណាម្នាក់និយាយ។

៣. អាចបត់បែនតាមតម្រូវការ

ត្រង់ចំណុចនេះ គឺចង់មានន័យថាអ្នកគួរមានចិត្តទូលាយ ហើយអាចផ្លាស់ប្តូរទៅតាមកាលះទេសះបាន។ ពេលខ្លះចឹង អាចជាឪកាសផ្សេងៗក្នុងការបញ្ចេញមតិនៅកន្លែងធ្វើការ ដូចនេះគឺជាពេលមួយដែលអ្នកផ្សេងទៀតទទួលយកគំនិតថ្មីពី ចរិតរបស់អ្នក ហើយជាការដែលល្អមួយក្នុងការអោយគេស្គាល់អ្នកកាន់តែច្បាស់ជាងមុនផងដែរ។

៤. ទទួលយកការរិះគន់ផ្សេងៗ

ចំណុចនេះតាមពិតមិនអាក្រក់ ឬពិបាកស្តាប់ដូចជាចំណងជើងពេកទេ។ គ្រាន់តែចង់បញ្ជាក់ថា កុំគិតថាខ្លួនឯងត្រូវរហូតពេក ជួនកាលយើងធ្វើខុសដោយមិនដឹងខ្លួន ហើយប្រសិនជាគេចង់ណែនាំអោយល្អ ក៏ទទួលគំនិតគេទៅ។ បើសិនជាគេមានហេតុផលមែន នេះមានន៏យថា គេចង់អោយយើងល្អ ហើយចឹងទំនាក់ទំនងទៅថ្ងៃមុខក៏ល្អដូចគ្នាដែរ។

៥. ចេះទប់អារម្មណ៏ខ្លួនឯង

ក្នុងវិស័យការងារតែងតែមានឧបសគ្គផ្សេងៗ ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញ ជាពិសេសអ្នកធ្វើការជាមួយ។ ចំណុងចុងក្រោយនេះគឺចង់អោយអ្នកចេះមានការអត់អោន ហើយប្រើប្រាស់ពាក្យសំដីអោយបានសមស្របមុនពេលនិយាយអីមួយ ដែលសុទ្ធតែជាផលនឹងទទួលបានសំរាប់ការពង្រឹងការទំនាក់ទំនងក្នុងសង្គមរបស់អ្នក។



បើរៀនតាមចំណុចទាំង៥ហ្នឹងបាន ការទំនាក់ទំនងសង្គមរបស់អ្នកនៅកន្លែងធ្វើការប្រាកដជាល្អ ហើយរីកចំរើនជាងមុនទៀតក៏ថាបានដែរណា។