រដ្ឋាភិបាល និង ADB គ្រោងចំណាយប្រាក់ ២២១លាន$ ធ្វើឲ្យខេត្តកំពត ក្លាយជាទីក្រុងដ៏អស្ចារ្យ



ខេត្ត​កំពត​ជាខេត្តមួយដែលមាន​សំណង់​ប្រវត្តិសាស្រ្តជាច្រើន​ដូចជា ​ផ្ទះ ផ្សារ​លក់​ទំនិញ រោងភាពយន្ត​ សាលារៀន​ ផ្លូវគមនាគមន៏ មន្ទីរពេទ្យជាដើម​ សុទ្ធ​សឹង​​ជា​ភស្ដុតាងបង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចាប់​អារម្មណ៍​របស់​ពួក​បារាំង​ទៅ​លើ​ទឹក​ដី​ខ្មែរខេត្ត​កំពតមួយ​នេះ។​

មិនតែប៉ុណ្ណោះទេ ខេត្តកំពតកំពុងតែមានសក្កានុពលខ្លាំងឡើងៗគួរឱ្យកត់សម្គាល់ បើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពតបានឱ្យដឹងពីការស្វែងយល់អំពីតម្រូវការហេដ្ឋារចនាសម្ព័ន្ពអភិវឌ្ឍក្រុង នៃគម្រោងវិនិយោគក្រុង ប្រកបដោយសុខដុមនីយកម្ម៖

១. ការរៀបចំគម្រោង GMSII (ADB) ដែលបានសិក្សាសមិទ្ធិរួចរាល់ នឹងអនុម័តនៅសប្តាហ៍ក្រោយ និងចាប់ផ្តើមអនុវត្តនៅខែក្រោយមានទំហំទឹកប្រាក់ចំនួនប្រមាណជាង ១៤លានដុល្លារ រួមមានគម្រោង៖

– រៀបចំប្រព័ន្ធលូដោះទឹកជំនន់ទឹកភ្លៀងចេញពីក្រុងកំពត

– រៀបចំប្រព័ន្ធគ្រប់គ្រងទឹកស្អុយក្នុងក្រុងកំពត

– ការគ្រប់គ្រងកាកសំណល់រឹង និងការរៀបចំទីលានចាក់សំរាម

២. ការបង្ហាញនូវគម្រោងវិនិយោគទីក្រុងគួរឲ្យចង់រស់នៅ (Livable City Investment Project)រៀបចំដោយក្រសួងសាធារណៈការនិងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រោមកម្ចីថវិការបស់ ADB និងទុនបដិភាគរបស់រាជរដ្ឋាភិបាលសរុបប្រមាណជា ២០៧លានដុល្លារសម្រាប់ទីក្រុងចំនួន០៤ ។

គម្រោងថ្មីនឹងបំពេញបន្ថែមនូវរាល់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់រួមមាន៖

– ការរៀបចំប្រព័ន្ធលូដោះទឹកជំនន់ទឹកភ្លៀងចេញពីក្រុងកំពត

– ការរៀបចំប្រព័ន្ធគ្រប់គ្រងទឹកស្អុយក្នុងក្រុងកំពត

– ការគ្រប់គ្រងកាកសំណល់រឹង និងការរៀបចំទីលានចាក់សំរាម

– ការគ្រប់គ្រងប្រព័ន្ធទឹកស្អាត

សូមបញ្ជាក់ផងដែរថា ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់ប្រតិភូជួយពន្លឿនការរៀបចំគម្រោងនេះឲ្យបានឆាប់រហ័ស ព្រោះវាជាតម្រូវការសំខាន់របស់ប្រជាពលរដ្ឋនៅក្នុងក្រុងកំពត ឯកឧត្តមក៏បានណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់សហការជាមួយនឹងក្រុមការងារសិក្សាគម្រោងនេះ ដូចជាការផ្តល់នូវទិន្នន័យពាក់ព័ន្ធផ្សេងៗ ការសិក្សាផលប៉ះពាល់ ក៏ដូចសម្របសម្រួលដំណើរទាំងស្រុងនៃការសិក្សាគម្រោងនេះដើម្បីទទួលបានជោគជ័យ ៕

ប្រភព៖ Business Cambodia