ចង់លាក់បាំងឆាតកុំឱ្យគេដឹង Facebook បញ្ចេញមុខងារថ្មីនេះ ឆាតហើយលែងឃើញដាន

កន្លងមកនៅលើឆាត Messenger មិនអាចលុបបានងាយៗទេ​ បើឆាតហើយទោះបីជាលុបចោលក្ដី ក៏នៅជាប់ដានថា អ្នកបានលុបឆាតនោះចោល ដោយអ្នកដែលឆាតជាមួយគេនឹងឃើញថាធំៗថា «ឈ្មោះអ្នក unsent a message»។ ឥឡូវនេះអស់កង្វល់រឿងជាប់ដានទៀតហើយក្រោយដែល Facebook ត្រៀមបញ្ចេញមុខងារថ្មី ឆាតភ្លាម បើកមើលភ្លែត បាត់ដានមួយរំពេច ដែលជួយឱ្យអ្នកប្រើប្រាស់ធ្វើការសន្ទនាយ៉ាងសម្ងាត់ជាមួយនរណាម្នាក់ ដោយពេលឆាតចប់ ដូចអាខោនទាំងពីរមិនដែលបានឆាតជាមួយគ្នា។ ពេលចូលក្នុងមុខងារនេះ រាល់ពេលដែលផ្ញើរសារ ហើយគេបានចូលបាន សារនោះនឹងត្រូវលុបដោយស្វ័យប្រវត្តិដោយគ្មានដាន ឬពាក្យថាលុបឡើយ។ មុខងារនេះត្រូវបាន Facebook ឱ្យនាមថា Vanish Mode ដែលមែនទែនទៅ ក្រុមហ៊ុនប្រកាសចេញតាំងតែពីពីរខែមុនមកម្លេះ គ្រាន់តែពេលនេះចាប់ផ្ដើមបើកឱ្យប្រើម្ដងបន្តិចៗ ទៅតាមគណនី ដោយអ្នកខ្លះមាន និងអ្នកខ្លះទៀតអត់តែប៉ុណ្ណោះ។ សម្រាប់អ្នកដែលមានមុខងារនេះ គ្រាន់តែធ្វើការទាញឆាតឡើងលើឱ្យអស់ នឹងមានលោត Notification មួយសួរថាចង់បើក Vanish Mode ឬទេ គ្រាន់តែចុចយល់ព្រមទាំងពីរនាក់នឹងអាចប្រើបានទាំងអស់។ អ្វីដែលពិសេសនោះ ពេលបើកមុខងារនោះហើយបើមានភាគីណាមួយថតស្គ្រីន Screenshot សារកំពុងឆាត វានឹងលោតសារប្រាប់ដល់ភាគីម្ខាងទៀតភ្លាម។ គូសបញ្ជាក់ផងដែរថា កន្លងមក Facebook ក៏មានមុខងារ Secret Conversation ដែរ ប៉ុន្តែនៅតែជាប់ដានសម្រាប់អ្នកឆាតប្រសិនបើភ្លេចលុបសារ ឬលុបឆាតទាំងមូលចោល។ បើត្រឹមលុបសាររឹតតែនៅជាប់ដានដោយគេនឹងឃើញមានពាក្យថា You sent a disappearing Message៕