មួយពព្រិចភ្នែកសោះ ក្រុងព្រះសីហនុក្លាយជាទីក្រុងស៊ីវិល័យ និងរីកចម្រើនលឿនស្ទើរមិនគួរឲ្យជឿ
យោងតាមសេចក្តីប្រកាសព័ត៌មានជូនសាធារណជនរបស់អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះបានចាត់ទុក «ក្រុងព្រះសីហនុជាទីក្រុងអច្ឆរិយមួយនៅតំបន់ឆ្នេរសមុទ្រដែលមានការអភិវឌ្ឍក្នុងសន្ទុះមួយគួរឲ្យស្ងប់ស្ងែង»។
នៅក្នុងសេចក្ដីប្រកាសបានលើកឡើងថាបាតុភូតនៃការអភិវឌ្ឍដៃគូ
កម្ពុជា-ចិន
នេះគឺបង្ហាញភាពជាក់ស្តែងនូវជំនឿរបស់អ្នកវិនិយោគជាដៃគូទាំងជាតិ
និងអន្តរជាតិដែលគេវាយតម្លៃខ្ពស់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ក្នុងកិច្ចបន្តពង្រឹងប្រសិទ្ធិភាពដើម្បីសន្តិភាព
ស្ថេរភាព បរិយាកាសនយោបាយល្អ
និងថាមពលដែលអនុគ្រោះដល់បរិយាកាសបណ្តាក់ទុន និងពាណិជ្ជកម្មសេរី
។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថាវឌ្ឍនភាពក្រុងព្រះសីហនុ
មិនត្រឹមតែជាមោទនភាពនៃវិបុលភាពរបស់កម្ពុជាដែលជាដៃគូជាមួយចិននោះទេ
ក៏ប៉ុន្តែថែមទាំងជាថាមពលដ៏លេចធ្លោ
និងរស់រវើករបស់អាស៊ានផងដែរ។ ក្រុងព្រះសីហនុ និងខេត្តព្រះសីហនុ
រួមជាមួយនឹងបណ្តាខេត្តនានា នៅតាមឆ្នេរសមុទ្រ
គឺជាទិសដៅពិតប្រាកដនៃ “មិត្តភាព សន្តិភាព សហប្រតិបត្តិការ
និងការអភិវឌ្ឍ” រួមជាមួយការរស់នៅដ៏សុខក្សេមក្សាន្ត
និងឱកាសរីកចម្រើនដែលជាជម្រើសដ៏ឧត្តុងឧត្តមរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។
ប្រភពដដែលបញ្ជាក់ទៀតថាមិនត្រឹមតែជាទិសដៅទេសចរណ៍
និងឧស្សាហកម្មផ្សេងៗ ឬកម្សាន្តតែប៉ុណ្ណោះទេ
ប៉ុន្តែការរីកចម្រើននេះបានផ្តល់ឳកាសទីផ្សារថ្មីបន្ថែមទៀតចំពោះកសិករ
ពលករ ពាណិជ្ជករ និងសេវាកម្មជាច្រើន
និងកើនឡើងបន្ថែមទៀតទាំងបរិមាណ និងគុណភាពនាពេលអនាគតដ៏ខ្លី ។
ទីក្រុងជាប់សមុទ្រក្នុងរយៈពេលដ៏ខ្លីខាងមុខ
នឹងក្លាយជាទីក្រុងទំនើបក្នុងវិស័យពាណិជ្ជកម្មហិរញ្ញវត្ថុ
និងឧស្សាហកម្មដូចបណ្តាទីក្រុងអន្តរជាតិដទៃទៀតនៅតាមឆ្នេរសមុទ្រដែលនឹងចូលរួមចំណែកសកម្មភាពប្រកបដោយឥទ្ធិពល
និងផូរផងនៅក្នុងតំបន់ក៏ដូចជាអន្តរជាតិក្នុងបរិបទពាណិជ្ជកម្មសេរី
និងតម្លៃមនុស្សជាតិ ៕