ចំណុចទាំងនេះគ្រប់គ្រាន់អាចស្រាយចម្ងល់បានហើយថា ហេតុអ្វីគេជោគជ័យ? ហេតុអ្វីអ្នកបរាជ័យ?

ជារឿយៗ មនុស្សយើងបានប្រើប្រាស់សមត្ថភាពរបស់ខ្លួនបានតិចតួចបំផុត ខណៈដែលគេមានសមត្ថភាពធ្វើរឿងអស្ចារ្យជាច្រើនមិនអាចគណនាបាន។ ដូច្នេះហើយ មិនមែនបុគ្គលជោគជ័យទាំងឡាយចាប់ផ្តើមដំបូងដោយសមត្ថភាពដ៏អស្ចារ្យលើសអ្នកឡើយ ប៉ុន្តែដោយសារគេជាមនុស្សហ៊ានចាប់ផ្តើមក្តីស្រមៃដែលពួកគេមាន។
ចំណុចទី១៖ ធ្វើការងារគ្មានគោលដៅពិតប្រាកដ
ការកំណត់គោលដៅដើម្បីធ្វើកិច្ចការអ្វីមួយ វាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវានឹងផ្តល់ឲ្យបុគ្គលនោះនូវទិសដៅមួយប្រកបដោយកម្លាំងចិត្ត និងទស្សនវិស័យច្បាស់លាស់។ យ៉ាងណាមិញ គ្រប់បុគ្គលជោគជ័យទាំងឡាយ តែងតែមានក្តីស្រមៃមួយច្បាស់លាស់ ថាគេចង់ធ្វើអ្វី ចង់ទៅណា និងការតាំងចិត្តខ្ពស់ ដូច្នេះពេលជួបឧបសគ្គនៅតាមផ្លូវទៅកាន់ភាពជោគជ័យ ក៏គេមិនតក់ស្លុត និងចុះចាញ់ជាដាច់ខាត។ មហាសេដ្ឋីហុងកុង ធ្លាប់បានលើកឡើងថា «ចង់ជោគជ័យបានឆាប់រហ័ស ត្រូវធ្វើដោយមានគោលដៅមួយច្បាស់លាស់»
ចំណុចទី២៖ កង្វះចំណេះជំនាញនិងគ្មានឆន្ទៈ 
ចំណុចពិសេសមួយទៀត ដែលធ្វើឲ្យបុគ្គលទាំងនោះទទួលបានភាពជោគជ័យនោះគឺ ការចង់ចេះចង់ដឹង ចង់សាកល្បងអ្វីថ្មីៗ និងរៀនអ្វីដែលថ្មីដើម្បីដោះស្រាយបញ្ហាពិបាកៗ ហើយមានឆន្ទៈខ្ពស់ក្នុងការជម្នះឧបសគ្គទាំងប៉ុន្មានដែលនឹងត្រូវឆ្លងកាត់។ បើគេនិយាយពីសហគ្រិនវិញ គេជាមនុស្សដែលតែងចង់ចេះចង់ដឹង ចូលចិត្តចេញខាងក្រៅច្រើន ជួបមនុស្សថ្មីៗ ដើម្បីចង់ស្គាល់ពីបរិយាកាសសង្គមខាងក្រៅ ជាពិសេសគឺទីកន្លែងដែលពួកគេមិនដែលធ្លាប់បានទៅដើម្បីមានគំនិតថ្មីៗ ដោះស្រាយបញ្ហាថ្មីៗដែលកំពុងកើតឡើង។ ជាងនេះទៅទៀត មនុស្សជោគជ័យតែងតែឆ្លៀតពេលរៀននិងសិក្សាជំនាញដែលទាក់ទងនឹងកិច្ចការឬមុខជំនួញរបស់គេ។ ហើយចំណុចពិសេសលើសនេះគឺ គេជាមនុស្សដែលមានចម្ងល់ច្រើន ចំពោះមូលហេតុនាំឲ្យជោគជ័យ នាំឲ្យបរាជ័យ ហើយពួកគេនឹងស្វែងរកចំណុចទាំងអស់នោះរហូតទាល់តែឃើញ។
ចំណុចទី៣៖ ខ្វះភាពក្លាហានក្នុងការសាកល្បង
បើអ្នកជាមនុស្សដែលមាន ភាពខ្លាចនឹងការប្រថុយប្រថាន​ ខ្លាចហានិភ័យ ពិតណាស់អ្នកមិនមានភាពជាសហគ្រិននោះឡើយ។ ត្រូវដឹងថា សហគ្រិនដែលពូកែ សហគ្រិនដែលជោគជ័យទាំងឡាយតែងតែប្រឡូកនឹងការប្រថុយប្រថានចៀសមិនផុតឡើយ ព្រោះពួកគេតែងយល់ឃើញថាការប្រថុយប្រថានគឺជាឱកាសនិងសុវត្ថិភាព។ សហគ្រិនមើលឃើញហានិភ័យជាឱកាស ស្របពេលដែលអ្នកដទៃមើលឃើញឱកាសជាហានិភ័យ។ ពិតណាស់ថា កិច្ចការទាំងឡាយតែងមានហានិភ័យចៀសមិនផុត ប៉ុន្តែសម្រាប់សហគ្រិនជោគជ័យ គេមើលឃើញហានិភ័យទាំងនោះ សិក្សាពីហានិភ័យ រួចរិះគិតរកមធ្យោបាយដើម្បីដោះស្រាយ ហើយពួកគេមានជំនឿជាក់ថានឹងអាចជំនះឧបសគ្គទាំងនោះដើម្បីសម្រេចដល់គោលដៅ។
ចំណុចទី៤៖ លងបន្លាចដោយភាពភ័យខ្លាច
ក្នុងការចាប់ផ្តើមអ្វីមួយដែលថ្មី យើងមិនធ្លាប់បានឆ្លងកាត់ពីមុនមក ពិតណាស់ភាពភ័យខ្លាចតែងតែលេចឡើងនៅក្នុងចិត្តចៀសមិនផុតឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនអាចនៅតែភ័យខ្លាច មិនហ៊ានសម្រេចចិត្តចាប់ផ្តើមនោះដែរ។ ត្រូវចាំថា មិនមែនបុគ្គលទាំងឡាយមិនមានភាពភ័យខ្លាចក្នុងចិត្តពេលចាប់ផ្តើមដំបូងឡើយ​ ប៉ុន្តែពួកគេហ៊ានសម្រេចចិត្តចាប់ផ្តើម ជម្នះនូវរាល់ភាពភ័យខ្លាចទាំងនោះ មិនឲ្យតាមលង់បន្លាចគេជារៀងរហូតជាដាច់ខាត។ លោក Jack Ma បាននិយាយាថា «កុំខ្លាចនឹងការបរាជ័យ ត្រូវចាត់ទុកវាដូចជាមេរៀនដ៏មានតម្លៃ ដួលងើប ដួលងើប រួចរៀនពីវាឲ្យបានច្រើនបំផុត នោះមិនយូរទេអ្នកនឹងទៅដល់ចំណុចគោលដៅដែលអ្នកចង់បាន»
ចំណុចទី៥៖ អ្នកជាមនុស្សគិតបែបទុទិដ្ឋិនិយម
ស្ថាបនិក Disneyland បានលើកឡើងថា «បើអ្នកអាចស្រមៃឃើញពីសុបិនរបស់អ្នក នោះអ្នកក៏អាចធ្វើវាឲ្យសម្រេចបានដូចគ្នា»។ មហាសេដ្ឋីល្បីៗទាំងឡាយនៅលើពិភពលោក ពួកគេជាមនុស្សដែលគិតបែបវិជ្ជមាន មើលឃើញឱកាស មើលឃើញពីបញ្ហា សិក្សាលម្អិតពីបញ្ហាដើម្បីស្វែងរកឱកាសនៅក្នុងបញ្ហាទាំងនោះ។ សមត្ថភាពទាំងអស់នេះហើយដែលសហគ្រិនជោគជ័យទាំងឡាយតែងអនុវត្ត ខណៈមនុស្សជាច្រើនមិនបានមើលឃើញ។ ការគិតវិជ្ជមានជាសមត្ថភាពដ៏ពិសេសដែលសហគ្រិនគ្រប់រូបគួរមាន ហើយប្រសិនបើអ្នកមានចំណុចទាំងអស់នេះ វាជាសញ្ញាដែលបញ្ជាក់ថាអ្នកកំពុងដើរទៅផ្លូវជាសហគ្រិនបណ្តើរៗហើយ៕