១៣ចំណុចសម្រាប់ដំណើរទៅរកភាពជោគជ័យ



ភាពជោគជ័យគឺជាពាក្យមួយដែលមនុស្សគ្រប់គ្នាតែងប្រាថ្នាទទួលបាន។នៅពេលពាក្យនេះត្រូវបានគេលើក​ឡើងក្នុង​      ការ​សន្ទនា មនុស្សភាគច្រើន ជាពិសេសយុវជន តែងគិតឃើញ​មុនគេដល់គំនរទ្រព្យសម្បត្តិស្តុកស្តម្ភ គេហដ្ឋានធំស្កឹម​ស្កៃ យាន្តជំនិះទំនើបៗ ភាពឡូយឆាយនិងស៊ីវីល័យ។ល។

ប៉ុន្តែមិនមានបុគ្គលច្រើនរូបទេដែលមើលឃើញពីទំហំការងារ ភាពនឿយហត់ ការអំណត់តស៊ូ ពុះពារនិងខិតខំប្រឹងប្រែង​ដែល​ស្ថិត​នៅខាងក្រោយរូបភាពទាំងនោះ។ យ៉ាងណាមិញ ភាពជោគជ័យក៏មិនមានអត្ថន័យដូចគ្នាសម្រាប់បុគ្គលគ្រប់រូបដែរ
ព្រោះ​​​​សេចក្តីស្រាលាញ់និងក្តីសុបិន្តរបស់មនុស្សម្នាក់ៗសុទ្ធតែប្លែកពីគ្នា។ ទោះអ្នកមានគោលដៅបែបណាក៏ដោយ មាន​ចំណុច១៣ដែលអ្នកគួរយកទៅពិចារណាដើម្បីអាចទាញជាជំនួយផ្លូវចិត្តសម្រាប់ការបង្រៀនខ្លួនឯងនៅក្នុងដំណើរទៅកាន់និយមន័យនៃពាក្យជ័យជំនះរបស់អ្នក។

ចំណុចទី១៖ កុំខ្ជះខ្ជាយពេលវេលាលើការបន្ទោសខ្លូនឯង

ជីវិតគឺមានភាពលំបាករួចទៅហើយ ចុះតើហេតុអ្វីត្រូវបន្ថែមបន្ទុកបន្ទោសខ្លួនឯងទៀត?​ នៅក្នុងជីវិតរស់​នៅមនុស្សម្នាក់ណា​ក៏តែង​មានកំហុស។ ហើយវាជារឿងធម្មតាដែលនៅពេលអ្នកធ្វើច្រើន​គឺខុសច្រើន ប៉ុន្តែអ្នកមិនត្រូវគេចវេស​ឬបណ្តោយ​ឲ្យកំហុស​​ទាំងនោះមានឥទ្ធិពលគ្រប់គ្រងលើអ្នកទេ។ អ្នកត្រូវទទួលស្គាល់ថាអ្នកបានធ្វើខុស ហើយសួរ​មតិយោបល់​អ្នកផង​និងស្វែងរកដើមហេតុនៃកំហុសនោះ​មកសិក្សាដើម្បីរៀន និងអភិវឌ្ឍខ្លួន។ គ្មាននរណាម្នាក់​អាចឈានមួយ​ជំហ៊ានដល់ ត្រើយ ឬលើកំពូលភ្នំនោះទេ ដូច្នេះកុំខ្ជះខ្ជាយពេលវេលាបន្ទោសខ្លួនឯងនៅពេលវង្វេងផ្លូវ។

ចំណុចទី២៖ កុំអនុញ្ញាតឲ្យអ្នកដទៃមានអំណាចលើអារម្មណ៍អ្នក

តើអ្នកណាម្នាក់ដែលស្គាល់អ្នកច្បាស់ជាងគេ?គឺខ្លួនអ្នក។ មានតែអ្នកម្នាក់គត់ដែលស្គាល់​និងអាចគ្រប់គ្រងលើអារម្មណ៍​ខ្លួនឯង ។ វាអាចមានរឿងច្រើនដែលហួសពីការគ្រប់គ្រងរបស់អ្នក តែមានរឿងតែមួយគត់ដែលអ្នកតែងតែអាចគ្រប់​គ្រងបាន​គឺការឆ្លើយ​តបនិងឥរិយាបថរបស់អ្នក។ ដូច្នេះត្រូវរៀនធ្វើវាឲ្យក្លាយជាចំនុចខ្លាំង។

ចំណុចទី៣៖ មិនខ្មាស មិន​ខ្លាចចំពោះការកែប្រែ

អ្នកត្រូវចងចាំថាអំណួតក្អេងក្អាងគឺជាជំងឺដែលសូម្បីតែទេវត្តាមិនអាចព្យាបាលបាន ហើយភ្នំមួយខ្ពស់តែងតែនៅមាន​ភ្នំមួយ​ទៀតដែលខ្ពស់ជាង។ អ្នកត្រូវរៀនបើកចិត្តឲ្យទូលាយ ទទួលយកនូវគំនិតអ្នកដទៃនិងលះបង់ចិត្តមានះ​ការពារមុខមាត់​ហួស​ហេតុដែលជាដើមហេតុចម្បងនៃការជាប់ទ្រឹងមួយកន្លៃង។ កុំខ្លាចការបាក់មុខ តែត្រូវខ្លាចការឈរទ្រឹងមួយកន្លែង។

ចំណុចទី៤៖ ត្រូវកាត់បន្ថយទម្លាប់រអ៊ូ

នៅពេលស្ថិតនៅក្នុងស្ថានភាពអាក្រក់ តើអ្នករអ៊ូដែរឬទេ? ហើយនៅពេលដែលអ្នកកាន់តែគិតពីវា វាកាន់តែបន្ថែម​ទម្ងន់​នៃចិត្តដែល​កំពុងតឹងតែងមែនទេ? ហើយវាជួយដោះស្រាយបញ្ហាបានដែរឬទេ? ដូចនេះរអ៊ូរទាំគឺជាការខាតបង់​ពេលវេលា​ដើម្បីរកដំណោះស្រាយទៅវិញទេ ថែមទាំងបង្កើតស្ថានភាពកាន់តែលំបាកថែមទៀត។

ចំណុចទី៥៖ កុំព្យាយាមតម្រូវចិត្តគេគ្រប់គ្នា

តើអ្នកមានមិត្តភ័ក្រ្តណាដែលតែងតែផ្គាប់ចិត្តគេ? ឬមិត្តភក្រ្តណាដែលមិនខ្វល់ការប៉ះពាល់​ទៅលើគេឯងសោះ​ដើម្បីបង្ហាញ​ថាគេនឹងខ្លាំង? អត្តចរិកទាំងពីរនេះមិនមានមួយណាប្រសើរជាងគ្នាទេ។អ្នកគួរចាប់​យក​អត្តចរិក​ដែល​រួសរាយតែមិនផ្គាប់ចិត្ត និងហ៊ានបញ្ចេញការយល់់ឃើញដោយមិនរអា។ត្រូវហ៊ាននិយាយអ្វីដែលអ្នកគិតថាគួរទោះបីវាអាចធ្វើឲ្យមនុស្​សមួយ​ចំនួន​មាន​ការ​តូចចិត្តឬមិនសប្យាយ។

ចំណុចទី៦៖ ខ្លាចច្រើន បង្ហាញពីភាពខ្សោយតែមិនបង្ហាញពីការគោរពទេ

ភាពភ័យខ្លាចទៅលើហានិភ័យរបស់គ្រោងការណ៍ណាមួយដោយគ្មានការពិចារណាគឺបង្ករជាការខាតបង់។ អ្នកត្រូវចេះសិក្សា​និងថ្លឹងថ្លែងទៅលើផលចំណេញរួមជាមួយហានិភ័យដែលរំពឹង​ទុក ទើបអាចមើលឃើញ ពីសក្តានុពលរំពឹង​ទុករបស់​គម្រោង​នីមួយៗ។

ចំណុចទី៧៖ កុំរស់នៅក្នុងអតីតកាល

កុំខូចចិត្តចំពោះកំហុសក្នុងអតីតកាល ព្រោះអ្នកមិនអាចកែប្រែវាបានទេ។ វាបានហួសទៅហើយ។ អ្នកគួរតែយក​ថាមពល​ដែលកំពុងមានមកបំពេញកិច្ចការងារនៅថ្ងៃនេះឲ្យបានល្អបំផុតដើម្បីបន្តជំហានទៅលើកំពូលភ្នំនៃក្តីសុបិន្តអ្នកវិញ។ ហើយអ្វីដែលកន្លងហួសគឺជាមេរៀនសម្រាប់អនាគត។

ចំណុចទី៨៖ ឈប់បង្កកំហុសដដែលៗ

តើអ្នកគិតថាថ្ងៃនេះអ្នកអាចបន្តជំហានទៅលើកំពូលភ្នំទេ បើសិនអ្នកសម្រេចចិត្តដើរទៅកាន់​ផ្លូវដែលអ្នកធ្លាប់ទៅ១​ដងរួច​មក​ហើយ​​ដោយសារអ្នកចង់ឃើញទេសភាពដ៏ស្រស់ស្អាតនៃកន្លែងនោះ? ប្រាកដណាស់​អ្នកគឺស្ថិតនៅទីតាំង​ដូចកាល​ពីម្សិល​មិញ។ តើធ្វើបែបនេះខុសមែនទេ? វាមិនមែនខុសទាំងស្រុងនោះទេ។ មានពេលខ្លះ អ្នកគួរតែអនុញ្ញាតឲ្យខ្លួន​អ្នកបាន​សម្រាកនិងលំហែកចិត្តមួយរយៈ។ ក៏ប៉ុន្តែអ្នកមិនត្រូវសម្រាករហូតនោះទេ។ អ្នកត្រូវជំនះចិត្តចង់ឃើញទេសភាព​ស្អាតដើម្បី​បន្ត​​ដំណើរទៅលើកំពូលភ្នំនៃក្តីសុបិន្ត។

ចំណុចទី៩៖ មានចិត្តត្រេកអរសម្រាប់ជោគជ័យអ្នកផង

តើអ្នកមានអារម្មណ៍ថាច្រណែនដែរឬទេនៅពេលឃើញមិត្តឬអ្នកស្គាល់គ្នាទទួលបានពានរង្វាន់កិត្តិយស ហើយបានចេញមុខ​តាមការសែត ទស្សនាវដ្តី និងទូរទស្សន៍? យើងចង់ប្រាប់អ្នកថា បើសិនអ្នកមានអារម្មណ៍ច្រណែន​គឺអ្នកមិនមែនជាមនុស្ស​អាក្រក់ទេ ហើយអ្នកក៏មិនមែនមានតែម្នាក់ឯងដែរ។ អ្នកអាចមានចិត្តច្រណែនព្រោះអ្នកជាមនុស្ស តែអ្នកនឹងខុស​បើសិន​អ្នក​មិន​​ចេះគ្រប់គ្រងវា។ ត្រូវរៀនបើកចិត្តទទួលស្គាល់ការពិត តែមិនត្រូវមើលស្រាលខ្លួនឯង។ ត្រូវបន្តខិត​ខំលើកិច្ចការ​ងារខ្លួន។ សូមបញ្ជាក់សារជាថ្មីថាភាពជោគជ័យដែលអ្នកមើល​ឃើញនៅលើអ្នកដទៃមិន​មែនបានមកក្នុងរយៈ​ពេលមួយ​យប់ទេ។

ចំណុចទី១០៖ ងាយចុះចាញ់នឹងការងារលំបាក

ការងារណាក៏លំបាកដែរព្រោះអ្នកកើតមកមិនមែនចេះអ្វីសព្វគ្រប់ដូចតួអង្គមានយុទ្ធសីល្ប៍ក្នុងរឿងភាពយន្តឯណា។ វាគ្មានការងារ​​​ណាដែលមិនលំបាកនោះទេ។ អ្នកមិនត្រូវចិញ្ចឹមចិត្តចង់បានភាពជោគជ័យ​ដោយមិនខំប្រឹងឡើយ ព្រោះវាគ្មាន​ថ្ងៃអាច​​​ក្លាយ​ជាការពិតឡើយ។ បំណាច់ចង់សម្រេចសុបិន្តត្រូវហ៊ានជម្រុះចិត្ត ចូលចិត្តសប្បាយ និយាយគ្មានការអនុវត្ត រអ៊ូច្រើន បន្ទោសអ្នកដទៃ។ល។ ហើយដាក់ចិត្តត្រៀមខ្លួនប្រឈមមុខ​នឹងឧបសគ្គដែលអាច​កើតមានឡើងនៅខាងមុខ។ ធ្វើបណ្តើររៀន​បណ្តើរ។ ការងារកាន់តែលំបាកកឺជាគ្រូដ៏ពូកែ។

ចំណុចទី១១៖ មិនត្រូវខ្លាចចំពោះការនៅម្នាក់ឯង

នៅក្នុងក្រុមក៏អ្នករីករាយ នៅម្នាក់ឯងក៏អ្នកអាចរីករាយបានដែរ។ គ្នានអ្វីជាបញ្ហាទេ។ ចូរកុំខ្លាច។ អ្នកគួរចំណាយ​ពេលខ្លះ​សម្រាប់​ខ្លួនឯងក្នុងការប្រមើមើលផលិតភាពការងារ ឥរិយាបថការងារក៏ដូចជាអត្តចរិកកន្លងមក​ដើម្បីធ្វើការវាយ​តម្លៃខ្លួន​ឯងក្នង​គោលបំណងកែប្រែនិងអភិវឌ្ឍន៍។ មួយវិញទៀតអ្នកអាចព្រាងគម្រោងបន្ទាប់ និងបង្កើនគំនិតច្នៃប្រ​ឌិត​បន្ថែម​។​ ម្នាក់ឯងមិនស្លាប់ទេ។

ចំណុចទី១២៖ សូមកុំភ្លេចថាជីវិតគឺជាការតស៊ូ

ដោយសារតែមិនធ្លាប់ជួបការលំបាកក្នុងជីវិត មនុស្សមួយចំនួនក៏ផ្តេកផ្តួលជឿស្លុងថាគេគឺជាមនុស្សដែលមានសំណាង​ឬថា​មិន​ចាំបាច់ខំប្រឹងធ្វើអ្វីព្រោះយល់ថាភោគផលនឹងបានមកដោយឯងៗសម្រាប់ពួកគេ។ ជិវិតមួយនេះជារបស់អ្នក អ្នកជា​មនុស្សដែល​មានអំណាចបំផុតលើការកំណត់ជោគវាសនាខ្លួន។ កសាងជីវិតខ្លួនឯងឬទោរទន់តាមអ្នកដទៃ? ខំរកឬខំចាយ? តស៊ូឬ​បោះបង់? ពុះពារឬខ្ជិលច្រអូស? ធ្វើច្រើនឬបានតែនិយាយ?…ទាំងអស់នេះគឺជាជម្រើសរបស់អ្នក។ តើអ្នក​ចង់គូស​វាស​​ជីវិតមួយនេះដោយបែបណា?គឺមានតែអ្នកទេទើបមានចម្លើយ ចំណែកអ្នកនិព

ចំណុចទី១៣៖ ភាពជោគជ័យតែងតែទាមទារពេលវេលា

គ្មានការងារមុខណាដែលធ្វើម្តងបានលទ្ធផលល្អឥតខ្ជោះនោះទេ។ ចង់បានជ័យជំនះ​ត្រូវចេះ​អត់ធ្មត់និងមានជំនាញមួយ​ច្បាស់​​លាស់។ ចង់ចេះជំនាញមួយស្ទាត់ ត្រូវអនុវត្តឲ្យញឹក។ គ្មានភាពជោគជ័យណាដែលអាច​កើតមានត្រឹមរយៈ​ពេលមួយ​យប់​នោះទេ។ ហើយភាពជោគជ័យកិនប្រាកដថា ភាពមានបានតែមួយនោះទេ គឺវាអាស្រ័យលើបុគ្គលម្នាក់ៗ​តែប៉ុណ្ណោះ៕