មកមើល សំណង់មហិមារអគារផ្ដេកនៅចិន ជិតបញ្ជប់ការសាងសង់តម្លៃជាង ៣ប៊ីលានដុល្លារ


ទីក្រុង​រណប​ដ៏​ធំ​ដែល​មាន​បណ្ដុំ​អគារ​ខ្ពស់​ៗ​ចំនួន ៨​នេះ​ចំណាយ​ទឹក​ប្រាក់​សាងសង់​មហិមា​ដល់ ៣,៥៩​លាន​ដុល្លារ​នៅ​ក្នុង​ទីក្រុង Chongging ភាគនិរតី​ប្រទេស​ចិន។ អគារ​ផ្ដេក​ស្ថិត​នៅ​កម្ពស់ ៦០​ជាន់​មាន​ប្រវែង​សរុប ២៩៩​ម៉ែត្រ​អម​ដោយ​កញ្ចក់​ជុំវិញ​គួរ​ឲ្យ​ទាក់ទាញ។ គម្រោង​ដ៏​មហិមា​នេះ ត្រូវ​បាន​វិនិយោគ​ទុន​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ​សិង្ហបុរី CapitaLand ដែល​មាន​ហាង​លក់​ទំនិញ និង​អគារ​ការិយាល័យ​ជា​ច្រើន​ទូទាំង​ប្រទេស​ចិន។
ក្រោយ​ការ​បញ្ចប់​សាងសង់ ទីក្រុងរណប​នេះ​មាន​សម្បូរបែប​ទៅ​ដោយ​ការិយាល័យ, អាផាតមិន, សណ្ឋាគារ និង​មជ្ឈមណ្ឌល​មធ្យោបាយ​ធ្វើ​ដំណើរ​រួម​មាន​សាឡាង, រថភ្លើង​ក្រោម​ដី និង​ឡាន​ក្រុង ក៏​ដូចជា​ផ្សារ​ទំនើប​ដែល​មាន​ហាង​ជាង ៤៥០​កន្លែង​ផង​ដែរ។ នៅ​លើ​អគារ​ផ្ដេក​នេះ អ្នក​ទស្សនា​នឹង​អាច​មើល​ឃើញ​ទិដ្ឋភាព​នៃ​ទន្លេ Yangtze និង Jialing នៅ​តំបន់​ដែល​មាន​ប្រជាជន​របស់​នៅ​ប្រមាណ​ជា ៣០​លាន​នាក់។
គួរ​ឲ្យ​ដឹង​ដែរ​ថា គម្រោង​នេះ​ត្រូវ​បាន​រចនា​ដោយ​ស្ថាបត្យករ​ជនជាតិ​កាណាដា-អ៊ីស្រាអ៊ែល Moshe Safdie ដែល​ស្ថាបត្យករ​នៅ​ពី​ក្រោយ​អគារ​ Marina Bay Sands ក្នុង​ប្រទេស​សិង្ហបុរី​ផង​ដែរ៕