ចង់ឲ្យអាជីវកម្មដើរបាន តើត្រូវឈប់ពន្យារពេលខ្ជិលច្រអូសយ៉ាងណាទៅ?
រៀបចំកាលវិភាគឲ្យច្បាស់៖ ពេលខ្លះគំនិតតែងលេចចេញមកមួយភ្លែត តែបើអ្នកមិនកត់ត្រាឬមិនរៀបកាលវិភាគ នោះអ្នកនឹងភ្លេចជាមិនខាន។ ហេតុនេះ បើយល់ល្អអ្នក គួរបង្កើតជាតារាងកាលវិភាគដោយក្នុងនោះត្រូវមានគោលដៅច្បាស់លាស់មួយ, សកម្មភាពត្រូវធ្វើ, រួមទាំងកំណត់ពេលក្នុងការធ្វើផងដែរ។
ធ្វើការងារចាំបាច់ខ្លាំងមុនគេ៖ ជាធម្មតាទេ ការងារគឺមានច្រើន តែសារៈសំខាន់វាគឺមានខ្លាំងមានខ្សោយ។ ដូច្នេះបើចង់ធ្វើអាជីវកម្មទមុខដោយរលូន និងមិនស្មុគស្មាញ អ្នកត្រូវលៃលក ថាអ្វីដែលសំខាន់ជាងគេ និងមិនសូវសំខាន់ ហើយផ្ដោតតែលើវាសិនបានហើយ។
ឈប់ខ្លាចខុសទៀតទៅ៖ មនុស្សមួយចំនួន មិនខ្ជិលនោះឡើយ តែពួកគេពន្យារពេលដោយសារតែខ្លាចបង្កកំហុស។ តាមពិតទៅកំហុសគឺជាគ្រូបង្រៀនដ៏អស្ចារ្យមួយ ចុះចាំបាច់អ្វីទៅខ្លាចនោះ?