សូមគិតដល់ ៣ ចំនុចនេះនៅពេលអ្នកអស់សង្ឃឹម​ ឬក៏ចង់បោះបង់អ្វីមួយ


នៅក្នុងដំណើរជីវិតប្រចាំថ្ងៃរបស់មនុស្សតែងតែជូបប្រទះនូវបញ្ហាផ្សេងៗ ទាំងធំ និង តូច ដែលមិនអាចគេចផុត។ អ្នកខ្លះមានបញ្ហានៅកន្លែងធ្វើការ ដោយត្រូវគេបញ្ឍប់ ឯខ្លះទៀតមានបញ្ហាចំពោះការសិក្សា ដូចជាការប្រឡងធ្លាក់ ចំណែកឯអាជីវករវិញបែរជារកស៊ីខាតចុងខាតដើម។
អ្នកដែលជូបប្រទះនូវរឿងទាំងអស់នេះ នោះពួកគេនឹងមានអារម្មណ៍ថា ខ្លួនគេជាមនុស្សអត់ប្រយោជន៍ ធ្វើរឿងអ្វីក៏បរាជ័យ អស់កំលាំងលែងចង់ដើរទៅមុខទៀតហើយ។ ពួកគេពិតជាអស់សង្ឃឹមនឹងជីវិតរបស់ពួកគេខ្លាំងណាស់ ដើម្បីជាកំលាំងចិត្តបន្តដើរក្នុងផ្លូវជីវិតទៅមុខទៀត។ ចំណុច ៣យ៉ាងដែលអាចជួយឲ្យអ្នកទាំងអស់គ្នាមានកំលាំងចិត្តឡើងវិញ៖

១. ត្រូវចាំថាជីវិតមនុស្សតែងផ្លាស់ប្តូរ៖
នៅពេលជូបរឿងអាក្រក់ៗ អ្នកប្រាកដជាគិតថា រឿងនោះកាន់តែអាក្រក់ទៅៗ ហើយមិនអាចកែមកល្អវិញបាននោះទេ។ ត្រូវចាំថា ជីវិតមនុស្សប្រៀបបានទៅនឹងចករសាតអណ្តែតនៅក្នុងទន្លេ ពេលខ្លះក៏បង្អួតសម្រស់នៅលើផ្ទៃទឹក ហើយពេលខ្លះទៀតលិចនៅក្នុងទឹកដូចមានអ្វីមកសង្កត់ពីលើអ៊ីចឹង។ ចូរអ្នកទាំងអស់គ្នាគិតថា ជីវិតរបស់អ្នក ថ្វីត្បិតតែវាអាក្រក់នៅពេលនេះមែន តែក៏មិនមានន័យថា វាអាក្រក់រហូតដែរ។ វាអាចនឹងល្អនៅថ្ងៃស្អែក ឬសប្តាហ៍ក្រោយ ឬក៏ឆ្នាំក្រោយក៏ថាបាន។ កុំបារម្មណ៍អី! ជីវិតអ្នកនឹងប្រែជាស្រស់បំព្រង់នៅថ្ងៃណាមួយជាមិនខាន។

២. អតីតកាលដែលអ្នកធ្លាប់អស់សង្ឍឹម៖
គិតទៅដល់អតីតកាល នៅពេលអ្នកជួបនឹងបញ្ហា ហើយអ្នកអស់សង្ឍឹម តើអ្នកធ្វើយ៉ាងម៉េច ទើបអាចគេចចេញពីភាពងងឹតនោះបាន។ ប្រាកដណាស់ អ្នកប្រាកដជាយកឈ្នះវាបាន ដោយមិនដឹងខ្លួន ហើយត្រលប់មកតតាំងជាមួយនឹងឧបសគ្គជីវិតម្តងទៀត។ ដូច្នេះហើយចូរអ្នកគិតថា ប្រសិនជាអ្នកអាចយកឈ្នះភាពអស់សង្ឃឹមពីអតីតកាលបាន នោះបច្ចុប្បន្ននេះក៏ដូចគ្នាដែរ។

៣. ត្រូវចាំថារឿងគ្រប់យ៉ាងវាមិនអាក្រក់ដូចដែរអ្នកគិតទេ៖
បង្រួមបញ្ហាធំៗទាំងអស់ ដែលអ្នកកំពុងជួបឲ្យទៅជាតូច ដោយបង្កើតនូវមធ្យបាយផ្សេងៗដើម្បីដោះស្រាយវា ជាមួយនឹងការគិតវិជ្ជមានថា អ្នកនឹងមានផ្លូវដើរមួយដ៏ល្អ ដោយមិនជាប់គាំងនៅនឹងមួយកន្លែងឡើយ។ ចូរគិតក្នុងចិត្តថាគ្រប់រឿងទាំងអស់ វាមិនអាក្រក់ដូចដែលអ្នកកំពុងគិតនោះទេ៕