វិធី​​យក​ឈ្នះ​លើ​ការតស៊ូ​​ដើម្បី​ក្លាយជា​សហគ្រិន​​អស្ចារ្យ


ការបង្កើតពាណិជ្ជកម្ម​ជោគជ័យមួយប្រៀបដូច​នឹងការឡើងភ្នំដែរ ព្រោះជាដំណើរត្រូវ​ជម្នះឡើងទៅទីខ្ពស់ជានិច្ច ប៉ុន្តែទេសភាព​មើលពីលើកំពូលភ្នំស្រស់ស្អាត​មិនដូចនៅខាង​ក្រោមឡើយ​។
ការតស៊ូជាផ្នែកសំខាន់​មួយក្នុងការឡើងទៅឱ្យ​ដល់កំពូលភ្នំ ហើយវាក៏ជាផ្នែក​ចាំបាច់ដែលសហគ្រិនត្រូវមាន​ដើម្បីបង្កើតជោគជ័យដែរ​។ ប្រសិនបើអ្នកសង្ស័យ​ចំពោះសារៈសំខាន់នៃការតស៊ូ អ្នកគួរតែ​ស៊ូខ្លួនឯងថា​តើមនុស្សសុបិនចង់បាន​គោលដៅរបៀបណា​? តើគេត្រូវការគោលដៅ​ដែលងាយសម្រេចបាន ឬមួយក៏គោលដៅ​ធំដែលនឹងមានផ្លែផ្កាច្រើន​?

ប្រសិនបើអ្នកមានចំណង់ខ្លាំង​ចង់ឡើងទៅឱ្យដល់កំពូលភ្នំ និងចង់សម្រេចបានសុបិន​សហគ្រិន អ្នកត្រូវចងចាំ និងអនុវត្តតាមគោល​ការណ៍ទាំងនេះដើម្បីពង្រឹង​ការតស៊ូ​​៖

១/ បើអ្នកមិនជម្នះ​ដើម្បីសម្រេចទស្សនវិស័យ​របស់អ្នកទេ មនុស្សផ្សេងទៀត​នឹងសម្រេច

ពិភពលោកនេះ​សម្បូរដោយលទ្ធភាព និងមនុស្សដែលមានគំនិត​អស្ចារ្យជាច្រើន ប៉ុន្តែគេមិន​សូវមានកម្លាំងចិត្ត ឬការតស៊ូគ្រប់​គ្រាន់ មិនមាន​ចំណង់ និងមិនដឹងរបៀបប្រែក្លាយ​គំនិតល្អទាំងនោះឱ្យទៅជាការពិតទេ​។ ភាគច្រើននៃ​អ្នកទាំងនោះបោះបង់គំនិតល្អ​ចោលរហ័សពេក ព្រោះគេយល់ថា​វាពិបាកពេក និងគួរឱ្យខ្លាចពេក ហើយគេក៏មិនបាន​ត្រៀមចិត្តដើម្បីជម្នះឧបសគ្គដែរ​។

ការពិតមួយទៀត​គឺថាបើអ្នកមិនចង់ធ្វើឱ្យសុបិន​របស់អ្នកក្លាយជាការពិតទេ មនុស្សដទៃ​នឹងយកសុបិនរបស់អ្នក ឬគេមាន​សុបិនដូចអ្នកដែរ ហើយគេនឹង​ធ្វើឱ្យវាក្លាយទៅជាការពិត​មុនអ្នក​។

២/ ប្រើប្រាស់មនុស្សដែរ​និយាយតែពាក្យអវិជ្ជមាន​ឱ្យទៅជាប្រយោជន៍របស់អ្នក

មនុស្សដែលមានទស្សនវិស័យ​តែងតែឃើញលទ្ធភាព​មុនពេលវេលាមកដល់ ព្រោះគេបាន​រុញច្រានព្រំដែននៃ​ការគិតស្រមៃ និងកែច្នៃការផ្លាស់ប្តូរ​។ ដើម្បីក្លាយ​ជាមនុស្សជោគជ័យ គេត្រូវតែ​រក្សាសុបិនជាប់ជានិច្ច និង​ដើរតាមសុបិននោះ​បើទោះជាត្រូវឆ្លងកាត់​ឧសបគ្គយ៉ាងណាក៏ដោយ​។

ប៉ុន្តែការតាមសម្រេចសុបិន មិនមែនមានន័យថា​អ្នកត្រូវព្រងើយក​ន្តើយទាំងស្រុង​ចំពោះមនុស្ស​ដែលនិយាយតែពាក្យ​អវិជ្ជមានមករកអ្នកទេ​។ អ្នកមិនត្រូវមើល​ស្រាលរាល់គំនិតយោបល់​អវិជ្ជមានទាំងអស់ដែល​អ្នកបានទទួល ព្រោះការមើលរឿងរ៉ាវ​អ្វីមួយពីគ្រប់ជ្រុង​​ជ្រោយមានសារៈសំខាន់ណាស់ក្នុង​ការយល់ដឹង​។ តាមពិតអ្នកអាចទទួល​បានអត្ថប្រយោជន៍ច្រើន​ពីការឧស្សាហ៍ជួបនិយាយជា​មួយនឹងមនុស្សដែលមើលមិន​ឃើញទស្សនវិស័យរបស់អ្នក ព្រោះគេ​អាចនឹងសួរអ្នកឱ្យពន្យល់​និងវិភាគគោលដៅនិងយុទ្ធសាស្រ្តរបស់​អ្នកឱ្យគេស្តាប់ ហើយក្នុងដំណើរការនេះ​អ្នកក៏អាចនឹងយល់កាន់តែច្បាស់​ដោយខ្លួនឯងដែរ​។

៣/ ទទួល​យកគំនិតច្នៃប្រឌិត​របស់អ្នក

ពាណិជ្ជកម្មដែលផ្តោត​លើការបញ្ចូលគំនិតច្នៃប្រឌិត​ក៏ជួយបានច្រើនដល់ការកែច្នៃថ្មីៗ និងមានឱកាសច្រើន​ដើម្បីទទួលបានជោគជ័យ​រយៈពេលយូរដែរ​។ ប្រសិនបើអ្នកចង់ទទួល​បានជោគជ័យក្នុងនាមជា​សហគ្រិន អ្នកត្រូវតែទទួល​យកគំនិតស្រមើស្រមៃ​របស់អ្នកឱ្យបានច្រើន​។

ការគិតបែប​ច្នៃប្រឌិតមានន័យថាអ្នកបើក​ការសន្ទនាអោយ​បាន​ច្រើន​ ទទួលយកទស្សនៈ​ផ្សេងៗ និងពិនិត្យវិភាគគំនិត​ដែលប្លែក។ វាក៏មានន័យថា​អ្នកកំពុងតែដើរហួសពី​ព្រំដែននៃវិធីសាស្រ្តដដែលៗ​ ដែលសង្គមកំពុង​តែអនុវត្ត​។ ប៉ុន្តែអ្វីដែលសំខាន់​បំផុតនោះគឺ គំនិតច្នៃប្រឌិត​កើតចេញពីការតស៊ូ​។ វាច្រើនតែកើតឡើង​នៅពេលដែលអ្នកគិតរឿង​អ្វីមួយដដែលៗក្នុងរបៀបផ្សេងៗ​រហូតដល់អ្នករកឃើញចំណុច​ថ្មីមួយដែលអ្នកដទៃ​មើលមិនឃើញ​។ គំនិតដែលល្អមិនមែន​ស្រាប់តែកើតឡើងភ្លាមៗ​ដោយគ្មានទាក់ទងនឹងអ្វី​ដែលមានស្រាប់ហើយនោះទេ ប៉ុន្តែវាជាការ​ច្នៃប្រឌិតមួយពីលើគំនិតទូទៅ​៕