ធ្លាប់ឆ្ងល់ទេថា អ្វីជាយុទ្ធិសាស្ត្ររបស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីជោគជ័យ?



អ្នកឧកញ៉ា គិត ម៉េង ដែលកើតនៅខែកញ្ញា ឆ្នាំ១៩៦៨ គឺជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនមេនៃបណ្តុំក្រុមហ៊ុនជាច្រើនរួមមានក្រុមហ៊ុន Cellcard, ធនាគារ ANZ Royal, ទូរទស្សន៍ CTN, សណ្ឋាគារកាំបូឌីយ៉ាណា , ក្រុមហ៊ុនអ៊ីនធើណែត EZECOM, ទូរទស្សន៍ឌីជីថល ONE TV ក្រុមហ៊ុនធានារ៉ាប់រង Infinity និងមានក្រុមហ៊ុនជាច្រើនផ្សេងទៀត។

អ្នកឧកញ៉ា គិត ម៉េង គឺជាកូនទី៣ របស់ពាណិជ្ជករខ្មែរស្រទ្បាយចិនម្នាក់ គឺលោក គិត ប៉េងអៀក។ក្នុងរបបប៉ុលពត លោកត្រូវបានបែកគ្នាពីឪពុកម្តាយ ហើយក្រោយរបបនេះដួលរលំ លោកក៏បានមកនៅភ្នំពេញរួចមកក៏ត្រូវបានជម្លៀសទៅទីក្រុងបាងកក។ នៅទីនោះលោកបានជួបប្រទះនូវការលំបាកជាច្រើន តែសំណាងល្អលោក និងបងប្រុស គឺលោក គិត ធាង ត្រូវបានធ្វើអន្តោប្រវេសន៍ទៅប្រទេសអូស្រ្តាលី ហើយលោកក៏បានធ្វើការ និងរៀនសូត្រនៅ ទីក្រុងកង់បេរ៉ា។ ជីវិតនៅអូស្រ្តាលីក៏ត្រូវមានការតស៊ូខ្លាំងដែរដើម្បីរស់។ លោកបានប្រាប់សារព័ត៌មានអូស្រ្តាលីមួយថា នៅអូស្រ្តាលីពេលអ្នកដើរចែកសំបុត្រ ឬលិខិតបណ្ណតាមផ្ទះពេលដែលមានអាកាសធាតុត្រជាក់ អ្នកនឹងមានអារម្មណ៍ឯកោខ្លាំងណាស់។ លោកបានធ្វើការនៅភោជនីយដ្ឋានឥណ្ឌា ជាអ្នកលាងចាន និងជាកម្មករលាងសម្អាតនៅផ្សារបន្លែនៅថ្ងៃអាទិត្យ ហើយការងារដែលមិនត្រូវការជំនាញមួយទៀតដែលលោកបានធ្វើដែរនោះ គឺកាត់ស្មៅឲ្យគេ។ ជីវិតរបស់អ្នកឧកញ៉ា គិត ម៉េង ចាប់ផ្តើមមានការផ្លាស់ប្តូរក្រោយពេលដែលលោកបានវិលត្រឡប់មកកម្ពុជាវិញនៅឆ្នាំ១៩៩១។ ដំបូងលោកបានបើកហាងលក់គ្រឿងសង្ហារឹម និងសម្ភារៈការិយាល័យឲ្យអង្គការសហប្រជាជាតិនៅកម្ពុជា ដោយរួមមានទាំងម៉ាស៊ីនថតចម្លងម៉ាក Canon ផងដែរ មុនពេលលោកបង្កើតក្រុមហ៊ុន រ៉ូយ៉ាគ្រុប។ តើអ្វីជាយុទ្ធិសាស្ត្ររបស់លោក ក្នុងការបង្កើតក្រុមហ៊ុនយ៉ាងច្រើនដោយជោគជ័យរហូតមកដល់សព្វថ្ងៃនេះ?

ឈានចូលទីផ្សារឲ្យបានមុនគេ

ក្រុមហ៊ុនជាច្រើនដែលបង្កើតឡើង ដោយអ្នកឧកញ៉ា គិត ម៉េង គឺជាក្រុមហ៊ុន រកស៊ីលើផ្នែកដែលពុំទាន់មានគូប្រកួតប្រជែងនៅឡើយ។ Toll Royal Railways ដែលទទួលសិទ្ធិធ្វើអាជីវកម្មរយៈពេល ៣៥ ឆំា្ន លើផ្លូវដែកកម្ពុជា ។ ក្រោយសង្គ្រាមបញ្ចប់ផូ្លវដែកកម្ពុជា រងការខូចខាតជាដំណំដោយសារគ្មានការថែរក្សា និងអភិវឌ្ឍ។ ដោយសារការវិនិយោគលើផ្លូវដែកត្រូវការដើមទុនច្រើនគេមិនរំពឹងទ្បើយថានឹងមានគូប្រជែងជាមួយ Toll Royal Railways កុ្នងការកសាងខ្សែរថភើ្លងថី្មប្រកួតជាមួយអ្នកឧកញ៉ា។ ជាឧទាហរណ៍មួយទៀត ដែលបង្ហាញថា អ្នកឧកញ៉ា គិត ម៉េង ជាមនុស្សរហ័សក្នុងការចូលទីផ្សារឲ្យបានមុនគេ គឺការចាប់ផ្តើមក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Cellcard នៅឆ្នាំ១៩៩៧។ ក្រោយពេលបាន ត្រទ្បប់មកស្រុកខ្មែរវិញ នៅឆ្នាំ១៩៩១ លោកក៏ចាប់ផ្តើមឃើញឱកាសជាច្រើននៅក្នុងទីផ្សារកម្ពុជា។ ឱកាសដែលលោកមិនឲ្យរំលងបាននោះ គឺការផ្តល់សេវាកម្មទូរស័ព្ទដល់ប្រជាជនខ្មែរដែលទើបនឹងឆ្លងកាត់សង្រ្គាម និង មិនដែលមានទូរស័ព្ទប្រើ ហើយកំពុងមានតម្រូវការក្នុងការទាក់ទងគ្នា។ ដោយសារការចូលក្នុងទីផ្សារបានមុនគូប្រកួតប្រជែងភាគច្រើន ក្រុមហ៊ុន CellCard បានក្លាយជាក្រុមហ៊ុនលំដាប់លេខមួយ និង បានផ្តល់នូវប្រាក់ចំណេញយ៉ាងច្រើនដល់ក្រុមហ៊ុន រ៉ូយ៉ាគ្រុប ដែលត្រូវបានប្រើដើម្បីពង្រីកអាជីវកម្មក្រោយៗផ្សេងទៀត។

យុទ្ធសាស្រ្តសមុទ្រខៀវ

ស្រដៀងគ្នានឹងយុទ្ធសាស្រ្តឈានចូលទីផ្សារមុនគេផងដែរ លោកក៏បានអនុវត្តនូវយុទ្ធសាស្រ្តសមុទ្រខៀវ (Blue Ocean Strategy)។ យុទ្ធសាស្រ្តសមុទ្រខៀវមានគោលដៅជំរុញក្រុមហ៊ុនឲ្យងាកចេញពីទីផ្សារដែលកំពុងមានការប្រកួតប្រជែងខ្លាំងហុតឈាម (សមុទ្រក្រហម) ដោយបង្កើតនូវទីផ្សារថ្មីមួយ។ ជាឧទាហរណ៍ លោកបានបង្កើតក្រុមហ៊ុនទូរទស្សន៍ឌីជីថលដំបូងគេ ខុសពីក្រុមហ៊ុនខ្សែកាបដែលកំពុងមានការប្រកួតប្រជែងគ្នាខ្លាំងស្រាប់ទៅហើយ។ ដោយផ្តល់សេវាប៉ុស្តិ៍ទូរទស្សន៍ដូចគ្នានឹងទូរទស្សន៍ខ្សែកាបដែរ តែ One Tv ប្រើបច្ចេកវិទ្យាឌីជីថលដែលជាបច្ចេកវិទ្យាថ្មី ខុសពីខ្សែកាប ដែលប្រើបច្ចេកវិទ្យាចាស់ Analog ។ ដូច្នេះលោកមិនបានបំបែកនូវទីផ្សារខ្សែកាបដែលអាចនឹងធា្លក់ចុះពេលអាស៊ានតមូ្រវឲ្យប្រទេសជាសមាជិកងាកមកប្រើទូរទស្សន៍ឌីជីថលនោះទេ តែលោកបានបង្កើតទីផ្សារថី្មមួយផ្សេងទៀត គឺទូរទស្សន៍ឌីជីថល។ មួយវិញទៀតដោយមើលឃើញថា ប៉ុស្តិ៍ទូរទស្សន៍សព្វថ្ងៃមានកាន់តែច្រើន ហើយការប្រកួតប្រជែងគ្នាក៏កាន់តែខ្លាំង ជាពិសេសលើកម្មវិធីកម្សាន្ត អ្នកឧកញ៉ា គិត ម៉េង ក៏បានងាកចេញពីកម្មវិធីកម្សាន្តទៅជាបង្កើតប៉ុស្តិ៍ទូរទស្សន៍ព័ត៌មាន ២៤ ម៉ោងវិញគឺ CNC។ ប៉ុស្តិ៍ថ្មីនេះធ្វើឲ្យគ្មានការប្រកួតប្រជែង ហើយបែរជាបង្កើតនូវទីផ្សារថ្មីមួយសម្រាប់វិស័យសោតទស្សន៍ព័ត៌មាន។

ចាប់ដៃគូបរទេសដែលមានជំនាញខ្ពស់

នៅស្រុកខ្មែរ អ្នកឧកញ៉ា គិត ម៉េង ជាពាណិជ្ជករទីមួយដែលល្បីខាងគៀងគររកដៃគូបរទេសមកដាក់ទុនរកស៊ីនៅកម្ពុជា។ ធនាគារ ANZ Royal ហាងសាច់មាន់បំពង KFC ក្រុមហ៊ុនដឹកជញ្ជូន Toll Royal Cambodia ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Cellcard និង ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរឡាញសុទ្ធតែត្រូវបានបង្កើតឡើងជាមួយក្រុមហ៊ុនបរទេសដែលមានកេរ្តិ៍ឈ្មោះល្បី និងមានបច្ចេកទេសខ្ពស់។ អ្វីដែលគួរឲ្យសរសើរនោះគឺភាគច្រើនក្រុមហ៊ុនរបស់លោកដែលចូលហ៊ុនគ្នារកស៊ីជាមួយក្រុមហ៊ុនបរទេសទាំងនោះ គឺសុទ្ធតែទទួលបានជោគជ័យ និងប្រាក់ចំណេញយ៉ាងច្រើនពីការវិនិយោគរបស់ខ្លួន។ តួយ៉ាងក្រុមហ៊ុន Millicom ដែលបានចូលរួមបង្កើត Mobitel ជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានលក់ភាគហ៊ុនរបស់ខ្លួនទាំងអស់ឲ្យទៅអ្នកឧកញ៉ា គិត ម៉េង វិញ ដោយទទួលបានចំណេញរហូតដល់ ៥០ ០០០ ភាគរយនៃដើមទុនដំបូង។

ព្យាករណ៍ពីតម្រូវការអនាគត

អនាគតកម្ពុជានឹងមានភ្ញៀវទេសចរបរទេសកាន់តែច្រើន ដូច្នេះ អ្នកឧកញ៉ា គិត ម៉េង បានសហការបងើ្កតកុ្រមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរឡាញ។ ការប្រមើមើលពីអនាគតមួយទៀត គឺនៅពេលប្រទេសកាន់តែរីកចម្រើនកម្ពុជានឹងត្រូវការព័ត៌មានកាន់តែខ្លាំងជាលទ្ធផលប៉ុស្តិ៍ទូរទស្សន៍ព័ត៌មាន២៤ ម៉ោងត្រូវបានបង្កើតឡើងដំបូងគេនៅកម្ពុជា។ ជំនាញមើលពីអនាគតនេះហើយដែលអ្នកឧកញ៉ា គិត ម៉េង តែងតែយកមកប្រើមុនពេលសម្រេចបើកអាជីវកម្មអ្វីមួយ។ ទោះបីជាលោកត្រូវបានគេស្គាល់ថាជាមនុស្សកាចបន្តិចហើយជូនកាលមិនសូវមានការរាក់ទាក់ក្តី តែស្នាដៃរបស់លោកបានជួយធ្វើឲ្យសេដ្ឋកិច្ចមានការរីកចម្រើន ប្រជាជនជាច្រើនមានការងារធ្វើ និង មានឱកាសរៀននូវជំនាញល្អៗពីការងារដែលក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង បានផ្តល់ឲ្យ។ ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ក្រុមហ៊ុន រ៉ូយ៉ាគ្រុប បានធ្វើឲ្យវិស័យជាច្រើនមានការផ្លាស់ប្តូរដែលវិស័យទាំងនោះរួមមាន វិស័យទូរគមនាគមន៍ និងអ៊ីនធើណែត វិស័យធនាគារ និងធានារ៉ាប់រង វិស័យដឹកជញ្ជូន និងវិស័យផ្សេងៗជាច្រើនទៀត៕